ជំងឺហឺត នៅតែជាបញ្ហាធំ!

09-02-2018 7:10am

សុខភាពៈ ហឺត នៅតែជាជំងឺបង្កបញ្ហាធំ ដែលអាចឲ្យមនុស្សគ្រប់វ័យមិនថា មនុស្សចាស់ ឬក្មេងនោះទេ នឹងអាចមានបញ្ហាអស់មួយជីវិត។ វាមិនមែនជំងឺឆ្លងនោះទេ ប៉ុន្តែវាអាចកើតលើកុមារ ដែលមានសាច់ញាតិកើតជំងឺនេះ និយាយរួម គឺអាចថា ជាជំងឺតពូជបាន។ ទោះជាយ៉ាងណា អ្នកជំនាញបានអះអាងថា ជំងឺនេះ អាចព្យាបាលបាន។

ចុះតើធ្វើយ៉ាងម៉េច ទើបដឹងថា អ្នកកើតមានជំងឺហឺត? តើរោគសញ្ញាមានអ្វីខ្លះ? ចុះវិធីព្យាបាលវិញ តើគេត្រូវព្យាបាលរបៀបណា?

ថ្ងៃនេះ អង្គភាពសារព័ត៌មាន Cam Post សូមធ្វើការបកស្រាយបង្ហាញជូនប្រិយមិត្តអ្នកអាន អំពីរោគសញ្ញា មូលហេតុ ការព្យាបាល ក៏ដូចជាការបង្ការជំងឺហឺតនេះ ដោយយើងធ្វើការដកស្រង់ទាំងស្រុង នៃការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ។

ក) រោគសញ្ញា៖

ជំងឺហឺត អាចស្តែងចេញជារោគសញ្ញាផ្សេងៗ ច្រើនសណ្ឋាន ដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដកដង្ហើម។ គេអាចស្តាប់រកសំឡេងដង្ហើមឆ្មា សំឡេងងឺតៗ ហើយវែង ជាពិសេសនៅពេលដកដង្ហើមចេញ។ នៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីរបស់អ្នកជំងឺ អាចផតចូល ដោយសារគេប្រឹងស្រូបយកខ្យល់។ បើគេមិនអាចស្រូបយកខ្យល់ឲ្យបានគ្រប់គ្រាន់ទេនោះ ក្រចក និងបបូរមាត់របស់គេ នឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅករបស់គេ អាចឡើងប៉ោង។ ធម្មតាគ្មានគ្រុនក្តៅទេ។

ជាទូទៅ ជំងឺហឺត អាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ និងអាចជាបញ្ហាអស់មួយជីវិត។ វាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាច្រើនកើតលើកុមារ ដែលមានសាច់ញាតិមានជំងឺហឺតនេះ។ ជាទូទៅ វាកាន់តែធ្ងន់ធ្ងរក្នុងខែខ្លះ ក្នុងមួយឆ្នាំៗ ឬនៅពេលយប់។ មនុស្សដែលមានជំងឺហឺតជាយូរឆ្នាំ អាចកើតមានការស្ទះខ្យល់ក្នុងសួត (Emphysema)។

ខ) មូលហេតុ៖

ការធ្វើទុក្ខនៃជំងឺហឺត អាចបង្កឡើងដោយៈ

- ការបរិភោគអាហារប្រភេទខ្លះ

- ការដកដង្ហើមចូលនូវវត្ថុ ដែលមនុស្សនោះ មានអាល់ឡែហ្ស៊ីជាមួយ។

- ចំពោះកុមារតូចៗ ជំងឺហឺត ចាប់ផ្តើមធ្វើទុក្ខ ដោយសារមានជំងឺគ្រុនផ្តាសាយ

- ចំពោះមនុស្សខ្លះ ជំងឺហឺត ធ្វើទុក្ខនៅពេលមានអារម្មណ៍ភ័យខ្លាច ឬការព្រួយបារម្ភខ្លាំង។

- ជំងឺហឺត ក៏អាចបណ្តាលមកពីខ្យល់អាកាសមិនស្អាត (ផ្សែងពុល) ដូចជាផ្សែងបារី ផ្សែងដុតសំរាម ឬផ្សែងពីចង្ក្រាន និងផ្សេងពីការដុតនៅតាមវាលស្រែ ឬផ្សែងឡាន និងផ្សែងតាមរោងចក្រឧស្សាហកម្មផ្សេងៗ។

គ) ការព្យាបាល៖

បញ្ជាក់ៈ ការព្យាបាល ទាមទារការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ស្វែងយល់អំពីជំងឺ ការវិវត្តន៍ និងជំរើសផ្សេងៗ នៃការព្យាបាល។

- បើជំងឺហឺត មានសភាពកាន់កាន់តែធ្ងន់ធ្ងរ នៅពេលស្នាក់នៅក្នុងផ្ទះ គេគួរចេញទៅខាងក្រៅផ្ទះ នៅកន្លែងដែលមានខ្យល់អាកាសល្អបំផុត។ ត្រូវជួយពួកគេ ដោយរក្សាការស្ងៀមស្ងាត់ សុភាពជាមួយអ្នកជំងឺហឺត។

- ផ្តល់ទឹកឲ្យបានច្រើន។ ការធ្វើរបៀបនេះ ជួយពង្រាវស្លេស និងធ្វើឲ្យងាយដកដង្ហើម។ ការហឺតចំហាយទឹកក្តៅ ក៏អាចជួយឲ្យបានធូរស្រាលខ្លះដែរ។

- ចំពោះពេលធ្វើទុក្ខ ព្យាបាលដោយប្រើប្រដាប់ហឺតថ្នាំសាល់ប៊ុយតាម៉ុល (Salbutamol) ឲ្យបានញឹកញាប់តាមត្រូវការ។ ថ្នាំនេះ គឺជាថ្នាំបាញ់ដែលអ្នកត្រូវហឺតចូលយ៉ាងវែង តាមដែលអាចធ្វើបាន។

- ចំពោះការធ្វើទុក្ខញឹកញាប់ ឬជំងឹហឺត ដែលធ្វើឲ្យអ្នកដង្ហក់រកដង្ហើម ពេលដើរ ឬពេលហាត់ប្រាណតិចតួច ប្រើប្រដាប់ហឺតថ្នាំ (Beclomethasone)។ ការធ្វើប្រដាប់ហឺតថ្នាំនេះ អាចបង្ការការធ្វើទុក្ខ សន្សំសំចៃប្រាក់ និងធ្វើឲ្យអ្នកមានការធូរស្រាល ជាងការឆ្លើយតបរបស់ការសង្គ្រោះបន្ទាន់ផ្នែកជំងឺហឺត។ ការប្រើបំពង់មួយជាមួយនឹងប្រដាប់ហឺតរបស់អ្នក ធ្វើឲ្យថ្នាំចូលទៅក្នុងសួតរបស់អ្នកបានកាន់តែច្រើន។

- ក្នុងពេលបន្ទាន់ ដែលអ្នកគ្មានថ្នាំសាល់ប៊ុយតាម៉ុល អ្នកអាចចាក់ថ្នាំ អេពិណេហ្វ្រីន(អាដ្រេណាលីន Adrenlin) នៅក្រោមស្បែក។

- ប្រសិនបើអ្នកនោះ មានគ្រុនក្តៅទៀត ឬប្រសិនបើហឺតធ្វើទុក្ខលើសពី៣ថ្ងៃ ត្រូវឲ្យថ្នាំអាម៉ុកស៊ីលីន ឬថ្នាំអេរីត្រូមីស៊ីន។

- ក្នុងករណីកម្រ ព្រូនអាចបណ្តាលឲ្យកើតហឺតបានដែរ។ សាកល្បងឲ្យថ្នាំមេបង់ដាស្សូល ទៅកុមារដេលចាប់ផ្តើមមានជំងឺហឺត បើអ្នកគិតថា គេមានព្រូន។

- បើអ្នកជំងឺនៅតែមិនធូរស្រាលទេ សូមស្វែងរកជំនួយពីគ្រូពេទ្យដែលនៅជិតបំផុត។

ឃ) ការបង្ការ៖

វិធីបង្ការមួយចំនួនសម្រាប់អ្នកជំងឺហឺតមានដូចជាៈ

- មនុស្សដែលមានជំងឺហឺត គួរតែជៀសវាងការបរិភោគអាហារ ឬការដកដង្ហើមចូល នូវវត្ថុណាដែលបណ្តាលឲ្យជំងឺហឺតធ្វើទុក្ខ។

- ផ្ទះ ឬកន្លែងធ្វើការ ត្រូវរក្សាឲ្យបានស្អាតជានិច្ច។

- កុំឲ្យមានមាន់ ឬសត្វដទៃទៀត ចូលក្នុងផ្ទះ។

- ដាក់កម្រាលពូកហាលថ្ងៃ។

- ជួនកាល ការដេកនៅខាងក្រៅផ្ទះ នៅកណ្តាលវាល ក៏អាចជួយដែរ។

- ផឹកទឹកយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃ ដើម្បីឲ្យស្លេសវាវ។

- អ្នកជំងឺហឺត អាចធូរស្រាល បើគេស្ថិតនៅកន្លែង ដែលមានខ្យល់អាកាសល្អ។

- អ្នកមានជំងឺហឺត កុំជក់បារី ព្រោះការជក់បារី ធ្វើឲ្យសួតអ្នកខូចកាន់តែខ្លាំង។

«សូមលោក លោកស្រី ដែលមានបញ្ហាជំងឺសួត ពិសេសជំងឺហឺត មេត្តាមកទទួលការពិគ្រោះយោបល់ និងទទួលបានចំណេះដឹងថ្មី អំពីការថែរក្សា សុខភាពសួត ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញ នៅផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត»