ធ្លាយរឿង ថៅកែខ្សាច់​មន្រ្តីប៉ូលិសពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ​ ត្រូវបងសម្តេច ស​ ខេង និងផ្កាយ៣ ប្តឹង

07-02-2018 4:34pm

ភ្នំពេញៈ រឿងមុខជំនួញបើកការដ្ឋានបូមខ្សាច់ នៅតំបន់ដងស្ទឹងព្រែកត្នោត​ ក្នុងភូមិកណ្តោលកោង​ ឃុំតាំងស្យា​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ដែលគ្រប់គ្រងដោយ​មន្រ្តីអ្នកមានអំណាចពាក់ផ្កាយ២​ នៅក្រសួងមហាផ្ទៃ​ ពេលនេះ មានរឿងថ្មីមួយទៀតហើយ ដែលកំពុងបែកធ្លាយ។ បែកធ្លាយ ក៏ព្រោះតែមានមន្រ្តីធំៗ បានប្តឹងដោយចោទថា ឆបោក ក្នុងនោះដើមបណ្តឹង​មានបងស្រី​ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម​ ស​ ខេង​ ហើយនិងផ្កាយ៣​ ប៉ូលិសផងដែរ​។

អនុប្រធាននាយកដ្ឋានតម្រួតបទបញ្ជា​ នៃក្រសួងមហាផ្ទៃ​ ពាក់ផ្កាយ២​ លោក​ សុខ​ វាសនា​ ជាថៅកែខ្សាច់​នៅតំបន់ដងស្ទឹងព្រែកត្នោត​ ក្នុងភូមិកណ្តោលកោង​ ឃុំតាំងស្យា​ ស្រុកភ្នំស្រួច​ ដែលកំពុងមានជម្លោះ​ដល់តុលាការ​ ពេលនេះ មានរឿងថ្មីមួយ​ទៀតហើយ​ ត្រូវបានបងសម្តេច​ ស​ ខេង​ លោកស្រី​ ស​ ស៊ន់ ប្តឹង​ដោយចោទពីបទឆបោក​ ដោយទិញសិទ្ធិធ្វើអាជីវកម្មថ្ម​ ក្នុងទឹកប្រាក់១៥០០០០ដុល្លារ (ដប់ប្រាំម៉ឺន ដុល្លារអាមេរិក) ដែលលោក​ សុខ​ វាសនា​ មិនប្រគល់ប្រាក់ឲ្យគាត់​ ថែមទាំងគំរាមកំហែងទៀតផង​។​ ក្រៅពីនោះ ក៏មានអគ្គនាយករងអត្តសញ្ញាណកម្ម​ ក្រសួងមហាផ្ទៃ​ លោក​ឧត្តមសេនីយ៍​ផ្កាយ៣​ ម៉ែន​ សុផុន​ ប្តឹងផងដែរ​ ពីបទក្លែងហត្ថលេខា​ ដោយក្នុងបណ្តឹង​នោះ បានសរសេរថា ​លោក​ សុខ​ វាសនា​ បើកក្រុមហ៊ុន​ធ្វើអាជីវកម្មខ្សាច់​ ដឹកកាត់​ ភូមិកណ្តោងកោង​ ឃុំតាំងស្យា​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ​ ថ្នាំងថ្នាក់ដល់លោក​ និងភ័យខ្លាចដោយពួកគាត់មិនបានចេញទៅប្រកបមុខរបររកស៊ីអ្វីទេ ព្រោះតែខ្លាចរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុន​ សុខ​ វាសនា​ បើកប៉ះ ឬបុកក្មេងៗពេលទៅសាលា​។

លើសពីនេះ ក៏មានបណ្តឹងពីលោក​ ប៉ែន​ ធារ៉ាឆានី​ វ័យ៥០ឆ្នាំ​ ផងដែរ​ ដោយប្តឹង​ លោក​ សុខ​ វាសនា​ ពីបទឆបោក និងរំលោភសេចក្តីទុកចិត្ត​ ពោល គឺ​លោក​ សុខ​ វាសនា​ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ បានធានាអះអាងចំពោះ​លោក​ ( ប៉ែន​ ធារ៉ាឆានី​ ) និងលោក​ អៀច​ អឿន​ ថា​ ខ្លួនធានារត់​ការ​ផ្ទេរភារកិច្ចឲ្យលោក​ អៀច​ អឿន​ ពីប៉ុស្តិ៍​អន្តរជាតិ​ភ្នំឌិន​ ទៅប៉ុស្តិ៍​អន្តរជាតិត្រពាំងស្រែវិញ​ ដោយយកថ្លៃរត់ការផ្ទេរភារកិច្ច​ចំនួន៦០០០ដុល្លារ (ប្រាំមួយពាន់ ដុល្លារ​អាមេរិក​) ហើយសន្យារយៈពេល១ខែ គិតចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥​ រហូតដល់ថ្ងៃ​ទី៨ ខែកញ្ញា​ ឆ្នាំ២០១៥ ប៉ុន្តែរហូតមកដល់ពេលនេះ ការផ្ទេរភារកិច្ចក៏មិនបាន ហើយប្រាក់ក៏មិនសង។

សូមបញ្ជាក់ថា​ លោក​ សុខ​ វាសនា​ គឺជាមន្រ្តីប៉ូលិសពាក់ផ្កាយ១​ នៅក្រសួងមហាផ្ទៃ គ្រោងឡើងផ្កាយ២ មុនចូលនិវត្តន៍ ហើយលោកក៏ជាអ្នកជំនួយបើកការដ្ឋានបូមខ្សាច់ នៅតំបន់ដងស្ទឹងព្រែកត្នោតផងដែរ​ រហូតមានការប្តឹងផ្ដល់ក្នុងមុខជំនួញ​។ ក្រៅពីនោះ ក៏មានការប្តឹងក្រៅមុខជំនួញទៀតផង​។

ពាក់ព័ន្ធនឹងបណ្តឹងថា ​ឆបោក​ គំរាមកំហែង​ ក្លែងហត្ថលេខា​ និងរំលោភលើសេចក្តីទុកចិត្តនេះ​ អង្គភាពសារព័ត៌មាន​ Cam Post នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ​ មិនអាចទំនាក់ទំនងសុំការពន្យល់ពីលោក​ សុខ​ វាសនា​ បានទេ​ ដោយទូរស័ព្ទចូលមានអ្នកទទួលឆ្លើយថា​ ជាកូនរបស់គាត់​ គាត់ជាប់ប្រជុំ​។

ប៉ុន្តែទោះជាបែបណា​ កាលពីពេលថ្មី​ៗនេះ តំណាងរបស់លោក​ បានបដិសេធជុំវិញបណ្តឹងក្នុងមុខជំនួញ ក្នុងនោះក៏មានការលើកឡើងថា​ ត្រៀមប្តឹងបកវិញផងដែរ។​ ដោយឡែកតំណាងលោក​ សុខ​ វាសនា​ មិនបានលើករឿងលោក​ សុខ​ វាសនា​ ក្លែងហត្ថលេខាមន្រ្តីជាន់ខ្ពស់​ និងគំរាមកំហែង​ បងស្រី​សម្តេច​ ស​ ខេង​ នោះទេ​។​ ដោយបណ្តឹងទាំងនេះ​ បច្ចុប្បន្ន​ កំពុងស្ថិតក្នុងការអង្កេតពីសំណាក់ក្រុមអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ​ បន្ទាប់ពីមានពាក្យបណ្តឹង​ចូលមក​សម្តេច​ ស​ ខេង​៕