ការហូរឈាម នៅក្នុងស្រោមខួរក្បាល!

07-02-2018 2:29pm

សុខភាពៈ ការហូរឈាម នៅក្នុងស្រោមខួរក្បាល (Hémorragie méningée spontanée ou Hémorragie sous-arachnoïdienne) មានប្រហែលពី៥ ទៅ១០% នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ វាជាប្រភេទជំងឺធ្ងន់ធ្ងរ ដែលប៉ះពាល់នៅលើមនុស្សវ័យក្មេង និងមានសុខភាពល្អ ហើយដែលបណ្តាលឲ្យស្លាប់ភ្លាមៗ ប្រហែលពី៤០% ទៅ៦០%។

ការហូឈាមនៅក្នុងស្រោមខួរក្បាល តម្រូវឲ្យយើងធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានឆាប់រហ័ស ដោយមានការចូលរួមពីគ្រូពេទ្យផ្នែកសង្រ្គោះបន្ទាន់ គ្រូពេទ្យវះកាត់ប្រពន្ធ័ប្រសាទ គ្រូពេទ្យផ្នែករូបភាពអមវេជ្ជសាស្រ្ត គ្រូពេទ្យផ្នែកសណ្តំ និងប្រពោធនកម្ម។

ថ្វីត្បិតមានការរីកចម្រើនផ្នែកបច្ចេកទេសថ្មីៗ នៃការវះកាត់ទៅលើប្រព័ន្ធប្រសាទ ការរីកចម្រើននៃផ្នែកសង្រ្គោះបន្ទាន់ និងប្រពោធនកម្មក៏ដោយ ក៏ផលវិបាកនៃការហូរឈាមនៅក្នុងស្រោមខួរក្បាល វាបង្កជាគ្រោះមហន្តរាយមួយធ្ងន់ធ្ងរក្នុងន័យនៃការស្លាប់ និងពិការភាព។

 

១) មូលហេតុ នៃការហូរឈាមក្នុងស្រោមខួរក្បាល រួមមាន ៖

- ៨០% នៃការហូរឈាមក្នុងស្រោមខួរក្បាល បណ្តាលមកពីការដាច់សរសៃឈាម ដែលរីកប៉ោង នៅក្នុងខួរក្បាល ( rupture d’anévrisme cérébrale)។

- មូលហេតុផ្សេងៗទៀត អាចបណ្តាលមកពី ៖

ក/. ការដាច់សរសៃឈាមមិនប្រក្រតី ពីកំណើតរវាងសរសៃឈាមវ៉ែន និងអាក់ទែ (Rupture de malformation artério-veineuse)។

ខ/. ការប៉ះទង្គិចក្បាល ដោយប្រការផ្សេងៗ (Traumatisme crânien)

គ/. ការព្យាបាលដោយថ្នាំប្រឆាំង កុំឲ្យឈាមកករយៈពេលយូរ (Traitement aux anticoagulant au long cours)

ឃ/. ការឡើងសម្ពាធឈាមដោយគំហុក (Poussées d’hypertension artérielle)

ង/. ការពុលសារជាតិពុលមួយចំនួន ដូចជា monoxyde de carbone ou intoxications médicamenteuses

 

២) កត្តាគ្រោះថ្នាក់ មានដូចជា​៖

- កត្តាពីកំណើត (Les Facteurs congénitaux)

- ការលើសសម្ពាធឈាមរ៉ាំរ៉ៃ (L’Hypertension artérielle chronique)

- កើនឡើងពី៣ ទៅ១០ដង ចំពោះអ្នកពិសាបារី (Le Tabac)

- កើនឡើង៨ដង ចំពោះអ្នកសេពគ្រឿងស្រវឹងលើសពី១២០ក្រាម ក្នុងមួយថ្ងៃ (L’Alcool)

- គ្រោះថ្នាក់នៃការហូរឈាម នៅក្នុងស្រោមខួរក្បាល កើនឡើងទៅតាមអាយុ (L’âge)

- ជាមធ្យមក្នុងរង្វង់៥០ឆ្នាំ ជាពិសេសមនុស្សស្រីច្រើនជាងមនុស្សប្រុស (Le sexe)

- សរសៃឈាមក្រិន ដែលបណ្តាលមកពីជាតិខ្លាញ់ គេសង្កេតឃើញមាន ការហូរឈាមនៅក្នុងស្រោមខួរក្បាលដែរ (L’artériosclérose)

- ប្រើប្រាស់ថ្នាំពពួកអ័រម៉ូន កើនឡើងប្រហែល២ដង ចំពោះអ្នកប្រើ (Les Contraceptifs)

- ការប្រើប្រាស់គ្រឿងញៀន La consommation de drogues sympathicomimétiques (Cocaïne)

 

៣) កាលៈទេសៈដែលធ្វើឲ្យដាច់សរសៃឈាមដែលប៉ោង ៖

- នៅពេលតប់ប្រមល់ (Stress)

- នៅពេលប្រឹងធ្វើការ

- នៅពេលរំភើបចិត្តខ្លាំង

- នៅពេលត្រូវកម្ដៅថ្ងៃខ្លាំង

- នៅពេលស្រវឹងស្រា

 

៤) រោគសញ្ញា ៖

- ៨៥% ទៅ៩៥% គឺឈឺក្បាលខ្លាំងកើតឡើងភ្លាមៗខុសពីធម្មតា ហើយឈឺកាន់តែខ្លាំង នៅពេលត្រូវពន្លឺ ឬពេលឮសំឡេង។ ហើយការឈឺចាប់នេះវាមិនបាត់ ដោយការលេបថ្នាំបំបាត់ការឈឺចាប់ទេ។

- ឈឺក្បាលខ្លាំង មានរួមជាមួយចង្អោរ ឬក្អួត។

- ឈឺក្បាលខ្លាំង បន្ទាប់មកមានបាត់បង់ស្មារតីមួយភ្លែត រួចហើយដឹងខ្លួនវិញ។ តែបើការបាត់បង់ស្មារតីនេះ ស្ថិតនៅយូរ ជាសញ្ញាធ្ងន់ធ្ងរ។

- ការប្រកាច់ចាប់ផ្តើមភ្លាមៗ រួមជាមួយនឹងការបាត់បង់ស្មារតី។ នៅពេលដឹងខ្លួនមកវិញ មានឈឺក្បាលខ្លាំង និងក្អួត ឬចង្អោរ។

- ជួនកាលចាប់ផ្តើមឡើងសន្លប់តែម្តង គឺជាសញ្ញាមួយធ្ងន់ធ្ងរ ចំពោះអ្នកហូរឈាមនៅក្នុងស្រោមខួរក្បាល។

- និយាយមិនរួច (aphasie)

- ស្ពឹក ឬស្លាប់មួយចំហៀងខ្លួន (Hémiparésie ou hémiplégie)

- មើលឃើញរូបពីរ (diplopie)

 

៥) រោគវិនិច្ឆ័យ ត្រូវពឹងផ្អែកលើ ៖

- ការសែ្កនណែរខួរក្បាល (Scanner cérébral)

- ការបូមទឹកខួរឆ្អឹងខ្នង (Ponction lombaire) ទឹកខួរឆ្អឹងមានឈាមតែមិនកក (Liquide xanthochromique)

 

៦) ការការពារ៖

- លុបបំបាត់កត្តាហានិភ័យដូចជា ការជក់បារី ការសេពគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនមួយចំនួន ការប្រើប្រាស់គ្រឿងញៀនជាដើម។ល។

- យើងអាចធ្វើសែ្កនណែរខួរ ដើម្បីរកសរសៃឈាមក្នុងក្បាល ដែលរីកប៉ោង ហើយយើងអាចព្យាបាលវា មុនវាបែក។

គួរបញ្ជាក់ឡើងវិញថា ការហូរឈាមនៅក្នុងស្រោមខួរក្បាល ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងធ្វើការព្យាបាលឲ្យបានទាន់ពេលជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងគ្រប់ជំនាញពាក់ពន្ធ័សង្គ្រោះបន្ទាន់

ប្រភព ៖ ការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត