ប៉ូលិសផ្កាយ២ នៅក្រសួងមហាផ្ទៃ បូមខ្សាច់ទាំងបំពានច្បាប់ បង្កការព្រួយបារម្ភដល់ពលរដ្ឋស្រុកភ្នំស្រួច

05-02-2018 1:58pm

កំពង់ស្ពឺៈ ការដ្ឋានបូមខ្សាច់មួយកន្លែង ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកភូមិ និងទីវត្តអារាម​ ពេលនេះត្រូវពលរដ្ឋផ្តិតមេដៃប្តឹងតវ៉ា​ ឬជំទាស់មិនឲ្យដំណើរការអាជីវកម្ម​ ដោយពួកគាត់យល់ថា​ ការដ្ឋាននេះអាចប្រឈមការគ្រោះថ្នាក់សម្រាប់កូនចៅរបស់ពួកគាត់ ​គ្រាដែលមានរថយន្តធំៗដឹកខ្សាច់ចេញពីការដ្ឋានឆ្លងកាត់ភូមិ-ឃុំនៅតបន់នោះ​។

ក្រៅពីព្រួយបារម្ភពីសុវត្ថិភាព​ ផ្ទះអ្នកភូមិជាច្រើនគ្រួសារ រួមនិងទីវត្តអារាម ដែលនៅចម្ងាយប្រមាណជាង២០ម៉ែត្រពីការដ្ឋានបូមខ្សាច់​ ក៏ប្រឈមនឹងការបាក់ស្រុត ឬគ្រោះថ្នាក់ផងដែរ​ ខណៈដែលការដ្ឋានបូមខ្សាច់មួយនេះ ​កំពុងដំណើរការអាជីវកម្មទាំងបំពានច្បាប់។

អ្នកភូមិ បាននិយាយថា​ ការដ្ឋានបូមខ្សាច់មួយនេះបានដំណើរការជិត១ឆ្នាំមកហើយ​ ប៉ុន្តែសកម្មភាពនៅតែបន្ត​ បើទោះបីជាអាជា្ញធរបានហាមឃាត់ក៏ដោយ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា​ ការដ្ឋានបូមខ្សាច់នេះ​ ស្ថិតនៅតំបន់ដងស្ទឹងព្រែកត្នោត​ ក្នុងភូមិកណ្តោលកោង​ ឃុំតាំងស្យា​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ហើយពេលនេះនៅតែបន្តអាជីវកម្មទាំងបំពានច្បាប់​ បន្ទាប់ពីអ្នកភូមិនៅតំបន់នោះប្តឹងតវ៉ាជំទាស់បិទអាជីវកម្ម​ និងប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ​  រហូត​មន្រ្តីការិយាល័យធនធាន​រ៉ែ រួមនិងអាជា្ញធរពាក់ព័ន្ធបានចុះទៅហាមឃាត់​ជាច្រើនលើកច្រើនសារ​។ ហើយការដ្ឋាននេះ ត្រូវបានគេរាយការណ៍ថា ជារបស់មន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ​ អនុប្រធាននាយកដ្ឋានតម្រួតបទបញ្ជា​ ពាក់ផ្កាយ១​គ្រោងផ្កាយ២​ ឈ្មោះ​ សុខ​ វាសនា​។

ពាក់ព័ន្ធការបូមខ្សាច់នៅតំបន់ដងស្ទឹងព្រែកត្នោត​ អាជា្ញធរបានចាត់ទុកថា​ ម្ចាស់ក្រុមហ៊ុន​ បានបំពានច្បាប់​ បន្ទាប់ពីអាជា្ញធរជំនាញរ៉ែ និងថាមពលបានចុះហាមឃាត់៣លើក។

មេឃុំ​តាំងស្យា​ លោក​ មាស​ ជឹម​ នៅព្រឹកថ្ងៃចន្ទ​ ៥កុម្ភៈ​ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន​ Cam Post ថា​ ការដ្ឋានបូមខ្សាច់នេះ​បានដំណើរការយូរមកហើយ​ រហូតមកទល់នឹងពេលនេះមានពាក្យបណ្តឹងជាច្រើនករណី​រហូតប្តឹងទៅដល់តុលាការទៀតផង។

បើតាមលោក​ មាស​ ជឹម​ នៅក្នុងឃុំតាំងស្យា​ មានការដ្ឋានបូមខ្សាច់៣កន្លែង​ មួយក្រុមហ៊ុន​ មិនស្គាល់ឈ្មោះ​, ២ក្រុមហ៊ុនតាន់ស៊ីម៉ន​ និងទី៣​ ក្រុមហ៊ុន​ លោក​ សុខ​ វាសនា​ ហើយក្រុមហ៊ុនទាំងនេះអាជា្ញធរធ្លាប់ណែនាំ និងធ្វើកិច្ចសន្យា​ ជុំវិញការបំផ្លិចបំផ្លាញផ្លូវ​ និងបង្កការគ្រោះថ្នាក់ដល់ពលរដ្ឋ​ ប៉ុន្តែម្ចាស់ក្រុមហ៊ុន​ មិនគោរពច្បាប់ឡើយ​ ហើយថ្មីៗនេះខ្ញុំបានទទួលពាក្យបណ្តឹងពីពលរដ្ឋថែមទៀតផង​ ជុំវិញការដឹកខ្សាច់ហ៊ុយទ្រលោមប៉ះពាល់សុខភាព​

លោកមេឃុំ​ បានបន្ថែមថា​ ក្នុងចំណោមក្រុមហ៊ុនទាំងបី​ មានក្រុមហ៊ុន​ លោក​ សុខ​ វាសនា​ គឺស្ថិតក្នុងបណ្តឹងនៅតុលាការ បន្ទាប់ពីមានជម្លោះជាមួយភាគហ៊ុន​ លោក​ រស់​ ចិន្តា​។ ហើយករណីជម្លោះរឿងអាជីវកម្មបូមខ្សាច់នេះ​ លោកមិនស៊ីជម្រៅទេ​ គ្រាន់តែដឹងថា​ អាជា្ញធរជំនាញធ្លាប់ចុះមកហាមឃាត់ការដ្ឋានបូមខ្សាច់នេះច្រើនលើកច្រើនសារហើយ​ ប៉ុន្តែក្រុមហ៊ុន​ លោក​ សុខ​ វាសនា​ នៅតែបន្តអាជីវកម្ម​ ពោលមិនខ្វល់ និងស្តាប់តាមការណែនាំពីអាជា្ញធរ​។

អភិបាលខេត្តកំពង់ស្ពឺ​ លោក​ វី​ សំណាង​ មិនបានពន្យល់លម្អិត ជុំវិញករណីបូមខ្សាច់នៅស្ទឹងព្រែកត្នោត​ទេ​ ដោយលោកបញ្ជាក់ប្រាប់ Cam Post ថា​ បើមានប្រជាពលរដ្ឋប្តឹងមកសាលាខេត្តកំពង់ស្ពឺ​ លោកនឹងឲ្យមន្រ្តីចុះទៅមើល​ ពីព្រោះលោកមិនបានដឹងថា​ ទីតាំងបូមខ្សាច់នោះនៅកន្លែងណាទេ​។

ប្រធានការិយាល័យធនធានរ៉ែ​ ខេត្តកំពង់ស្ពឺ​ លោក​ ប៊ិន​ ថេត​ បានបញ្ជាក់ថា​ បញ្ហាដីហ៊ុយបង្កដោយរថយន្តដឹកខ្សាច់​ នៅតំបន់ដងស្ទឹងព្រែកត្នោត​ អាជា្ញធរបានបញ្ចប់ដំណោះស្រាយហើយ​ បន្ទាប់ពីមានកិច្ចសន្យារវាងក្រុមហ៊ុនចំនួនបី​ ទី១ ក្រុមហ៊ុន​ តុង​ ហ្វុង​,ទី២​ ក្រុមហ៊ុន​ តាន់​ ស៊ីម៉ន​ និងទី៣​ ក្រុមហ៊ុន​​ សុខ​ វាសនា​ និងអាជា្ញធរ។

បើតាមលោក​ ប៊ិន​ ថេត​ នៅព្រឹកថ្ងៃចន្ទ​ ៥កុម្ភៈ ២០១៨​ បានប្រាប់​អង្គភាព​សារព័ត៌មាន​ Cam Post ថា​ បញ្ហាដីហ៊ុយ​ យើងបានដោះស្រាយបញ្ចប់ហើយ​ នៅឡើយតែជម្លោះផ្ទៃក្នុងក្រុមហ៊ុនប៉ុណ្ណោះ​.....បញ្ហាផ្ទៃក្នុងខ្ញុំមិនស៊ីជម្រៅទេ​ គ្រាន់តែដឹងថា​ លោក​ រស់​ ចិន្តា​ ប្តឹងលោក​ សុខ​ វាសនា​ ទៅតុលាការ​ ជុំវិញករណីឆបោក​នូវទឹកប្រាក់រាប់ម៉ឺនដុល្លារ​ ទាក់ទងនិងការរកស៊ីបូមខ្សាច់​ ពេលនោះតុលាការខេត្តកំពង់ស្ពឺ បានចេញដីការក្សាការពារ​ បន្ទាប់មកតុលាការ​ ខេត្តកំពង់ស្ពឺដដែលបានសម្រេចលុបចោលដីកានេះ​ នៅថ្ងៃទី១៨ មករា​ ២០១៨​ បន្ទាប់ពីមានបណ្តឹងជំទាស់​ ទៅតុលាការឧទ្ធរណ៍​ ប៉ុន្តែនៅឡើយក្រសួងរ៉ែ​ មិនទាន់អនុញ្ញាតិ ឲ្យដំណើរការបូមខ្សាច់ទេ​

លោក​ ប៊ិន​ ថេត​ ប្រធានការិយាល័យ​ដដែល​ បញ្ជាកបន្ថែម​ ខ្ញុំទទួលស្គាល់ថា​ ក្រុមហ៊ុន​បូមខ្សាច់ទាំងនេះ​ ពិតជាបង្កការខូចខាតផ្លូវ និងហ៊ុយប៉ះពាល់មែន​ ពីព្រោះផ្លូវនេះ​ ក្រសួងកំពុងតែអភិវឌ្ឍ​ ដែលមានទទឹងផ្លូវប្រមាណពី៨-១០ម៉ែត្រ​ និងចម្ងាយប្រមាណជាង២០គីឡូម៉ែត្រ​

លោក​ សុខ​ វាសនា​ ម្ចាស់ក្រុមហ៊ុន​ការដ្ឋានបូមខ្សាច់​ ឈ្មោះ​ សុខ​ វាសនា​ ដែលរងបណ្តឹងនិងរងការចោទថា​ រំលោភបំពានការហាមឃាត់ពីសំណាក់អាជា្ញធរ​ នៅព្រឹកថ្ងៃទី៥ កុម្ភៈ នេះ​ អង្គភាព​សារព័ត៌មាន​ Cam Post មិនអាចទំនាក់ទំនងសុំការពន្យល់ជុំវិញរឿងនេះបានទេ​ ដោយលោកបញ្ជាក់ថា​ កំពុងជាប់ប្រជុំ​ ប៉ុន្តែតំណាងក្រុម​ហ៊ុន​ គឺលោក​ ម៉ុន​ សំអាត បានបំភ្លឺថា​ ក្រុមហ៊ុននេះ មានច្បាប់ត្រឹមត្រូវមិនបានបំពានទេ​ ហើយថ្មីៗនេះ​ តុលាការឧទ្ធរណ៍បានសម្រេច​ឲ្យភាគីក្រុមហ៊ុនជាអ្នកឈ្នះ ពោលគឺត្រូវលុបចោលដីការក្សាការពារ​។

លោក​ ម៉ុន​ សំអាត​ បានបញ្ជាក់​ កាលពីថ្ងៃទី២៩-៣០មករា​ ក្រុមហ៊ុនបានសាកសកម្មភាពបូមខ្សាច់ពោលជាថ្ងៃចុងក្រោយ​ ហើយក្រុមហ៊ុន​បានផ្អាកអាជីវកម្ម២ខែមកហើយ​ ហើយមិនយូរនោះទេ​ ក្រសួងរ៉ែនិងអនុញ្ញាតិឲ្យបន្តអាជីវកម្មហើយ​រឿងនេះ​ យើងមិនបានបំពានច្បាប់ទេ​ ហើយក៏មិនបង្កផលប៉ះពាល់ដល់ពលរដ្ឋដែរ​ .......ពេលនេះយើងកំពុងរៀបចំប្តឹងបក​......បញ្ហាបូមខ្សាច់នេះ​ ទូរទស្សន៍ក្នុងស្រុកផ្សាយឡើងទួកហើយ​ ដែលទូរទស្សន៍នោះវ៉ៃ​ក្រុមហ៊ុន​

យោងតាមឯកសារបានឲ្យដឹងថា​ កាលពីថ្ងៃទី១១ ខែវិចិ្ឆកា​ ឆ្នាំ២០១៥​ នៅចំណុចភោជនីយដ្ឋានសូរិយា​ សង្កាត់ផ្សារថ្មីទី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ឈ្មោះ​ រស់​ ចិន្តា​ និង​ ឈ្មោះ​ សុខ​ វាសនា​ បានធ្វើកិច្ចព្រមព្រៀងសហការធ្វើអាជីវកម្មខ្សាច់​ ក្នុងដងស្ទឹងព្រែកត្នោត​ ត្រង់តំបន់ពោធិ៍រង្សី​ ស្ថិតក្នុងភូមិកណ្តោលកោង​ ឃុំតាំងស្យា​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ក្នុងតម្លៃ​ ១៥​ ០០០០​ $ ( ដប់ប្រាំម៉ឺនដុល្លារអាមេរិក​ ) ដោយឈ្មោះ សុខ​ វាសនា​ យល់ព្រមបង់ប្រាក់ឲ្យឈ្មោះ​ រស់​ ចិន្តា​ ក្នុងមួយខែ​ចំនួន ៥០០០$ ( ប្រាំពាន់ដុល្លារអាមេរិក​ ) គិតចាប់ពីថ្ងៃទទួលបានអាជា្ញបណ្ណពីក្រសួងរ៉ែ និងថាមពល​ រហូតគ្រប់ចំនួន១៥០០០០$ ( ដប់ប្រាំម៉ឺនដុល្លារអាមេរិក​ )។  ពេលនោះឈ្មោះ រស់​ ចិន្តា​ បានប្រគល់ឯកសារ​មានចុះហត្ថលេខាពីអាជា្ញធរ​ ឃុំ​ ស្រុក​ ឲ្យទៅឈ្មោះ​ សុខ​ វាសនា​ ដើម្បីរត់បន្ត​ លុះនៅថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៧​ បានអាជា្ញបណ្ណពីក្រសួងរ៉ែ និងថាមពល​ ស្រាប់តែ​ ឈ្មោះ​ សុខ​ វាសនា​ មិនព្រមបង់ប្រាក់ចំនួនខាងលើ​ ឲ្យឈ្មោះ​ រស់​ ចិន្តា​ ទេ​ រហូតមកទល់បច្ចុប្បន្ន​។

បន្ទាប់ពីមានករណីទាស់ទែងរឿងផលប្រយោជន៍ហើយនោះ លោក​ រស់​ ចិន្តា​ ក៏បានដាក់ពាក្យបណ្តឹងទៅអាជា្ញធរពាក់ព័ន្ធ ដើម្បីសុំការអន្តរាគមន៍​ ក្នុងនោះមានក្រសួងមហាផ្ទៃ​ និងតុលាការខេត្តកំពង់ស្ពឺ​ ពីបទរំលោភលើទំនុកចិត្ត និង​បណ្តឹងរក្សាការពារ​៕