អ្នកប្រមាថ​អង្គព្រះមហាក្សត្រ នឹង​ត្រូវជាប់ពន្ធនាគារ ពី១ឆ្នាំដល់៥ឆ្នាំ

02-02-2018 10:26pm

ភ្នំពេញៈ ​រាជរដ្ឋាភិបាល បានអនុម័ត​ទាំងស្រុងនូវវិសោធនកម្ម ក្រមព្រហ្មទណ្ឌ ដែល​ចែង​ពាក់ព័ន្ធ​នឹង​ការដាក់ទោស​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ នៅក្នុង​សម័យប្រជុំ​ពេញអង្គ​ គណៈរដ្ឋមន្ត្រី​នៅ​ព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​ក្នុង​នោះ អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ អាច​នឹង​ជាប់​ពន្ធនាគារ​ពី១ រហូត​ដល់​៥ឆ្នាំ។​

បើយោងតាមអ្នកនាំពាក្យ​រាជរដ្ឋាភិបាលលោក ផៃ ស៊ី​ផាន ​បាន​ថ្លែងថា ការរៀបចំ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ គឺ​ដើម្បី​ធានា​ លើកស្ទួយ និង​ការពារ​ព្រះ​ចេស្ដា និង​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ ដែលជា​ព្រះប្រមុខរដ្ឋ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត ​នៃ​ប្រជាជាតិ​ខ្មែរ ស្របតាម​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​សំណើ​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ ​អំពីការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ត្រូវ​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​។​

លោក ផៃ ស៊ីផាន បានបន្តថា បទល្មើស​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​រៀបចំ​ជា​មាត្រា​ថ្មី​មួយ​បន្ថែមទៀត គឺ​មាត្រា៤៣៧ស្ទួន ដោយ​បញ្ចូល​ទៅក្នុង​ជំពូក​ទី​១ នៃ​មាតិកា​ទី​១ ​នៃ​គន្ថី​ទី​៤ នៃ​ក្រមព្រហ្មទណ្ឌ ដែលមាន​ខ្លឹមសារ​ជារួម​ថា «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី២លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតិបុគ្គល ​ក៏​អាច​ត្រូវបាន​ផ្ត​នា្ទ​ទោសពិន័យ​ជា​ប្រាក់១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់​ព័​ន្ទ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»៕