ក្រុមហ៊ុន គ្រីស្តាល់ រ៉ាយស៍(កម្ពុជា) នាំចេញអង្ករជិតប្រាំម៉ឺនតោន ក្នុងឆ្នាំ២០១៧

31-01-2018 1:26pm

កំពតៈ ដោយមានដៃគូ ជាក្រុមហ៊ុន ដែលមានបទពិសោធន៍ក្នុងការនាំចេញអង្ករដ៏យូរអង្វែង និងមានទីផ្សារស្រាប់នៅក្នុងដៃទៅកាន់ទីផ្សារជាច្រើនដូចជា ចិន ឥណ្ឌូនេស៊ី អាព្រិច បារាំង អាឡឺម៉ង់ អារ៉ាប់ បង់ក្លាដេស ហុងគ្រី ស៊ុយអ៊ែត។ល។ ធ្វើឲ្យក្រុមហ៊ុនមួយនេះអាចមានលទ្ធភាពនាំចេញអង្ករ ប្រមាណ ៤៧.០០០តោនក្នុងឆ្នាំ២០១៧ ហើយទិន្នន័យនៃការនាំចេញអង្ករនេះ ឈរក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនលេខ១របស់កម្ពុជា ដែលនាំចេញអង្ករច្រើនជាងគេ។

លោក សុភា ប្រធានផ្នែកទីផ្សារ បានប្រាប់ឲ្យដឹងនៅថ្ងៃពុធ ១៥កើត ខែមាឃ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នេះថា ក្រុមហ៊ុនគ្រីស្តាល់ រ៉ាយស៍ (កម្ពុជា) ត្រូវបានបង្កើតឡើងនៅ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលមានទីតាំងក្នុងភូមិ ព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត លើទំហំដី១៥៦ហិកតា ជាមួយនឹងទុនវិនិយោគប្រមាណ ១០០ លានដុល្លារ ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការជាមួយបុគ្គលិតចំនួន៧២នាក់ ក្នុងនោះមានបុគ្គលិកបរទេសចំនួន១០នាក់ និងមានកម្មករចំនួន១២៨នាក់។  កម្លាំង​ផលិតប្រចាំថ្ងៃប្រមាណ ១០០០តោន ស្រូវសម្រាប់​អង្ករចំហុយ និង៨០០តោន ស្រូវសម្រាប់​អង្ករស ។

លោកបានបន្តថា សម្រាប់ឆ្នាំ២០១៧ ក្រុមហ៊ុនគ្រីស្តាល់ រ៉ាយស៍(កម្ពុជា) បាននាំអង្ករចេញប្រមាណ៤៧.០០០តោន និងលក់នៅក្នុងស្រុក ប្រមាណ ១៣.០០០តោន តាមរយៈទិន្នន័យនេះធ្វើឲ្យក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការនាំចេញអង្ករទៅបរទេស។

ប្រធានទីផ្សាររូបនេះ ក៏ប្រាប់អំពីបញ្ហាប្រឈមមួយចំនួនផងដែរថា វិស័យស្រូវអង្ករមានកត្តារាំងស្ទះមួយចំនួនជាពិសេសដោយសារតម្លៃភ្លើងខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដែលជាដៃគូរប្រកួតប្រជែក ក្នុងការផលិត និងនាំចេញអង្ករដូចគ្នា ដែលនេះជាឧបសគ្គដ៏ធំសម្រាប់ការប្រកួតប្រជែងក្នុងការទិញស្រូវ ដែលធ្វើឲ្យ​កម្ពុជាជួបផលលំបាកក្នុងការផ្គត់ផ្គង់តម្រូវការធំៗ។ ជាមួយគ្នានេះដែរ តម្លៃដឹកជញ្ជូនក៏ជាឧបសគ្គដ៏ធំផងដែរ ក្នុងឆ្នាំ២០១៧ ដោយសារការកែប្រែកម្រិតសារធាតុគីមី ដែលអនុឡោមសម្រាប់អង្ករ បានធ្វើឲ្យកម្ពុជាបាត់បង់ការផ្គត់ផ្គង់មួយចំនួនធំទៅទីផ្សារអឺរ៉ុប។

លោក សុភា បានសំណូមពរសូមឲ្យ​រាជរដ្ឋាភិបាលជួយធ្វើយ៉ាងណាឲ្យ​តម្លៃភ្លើងចុះទាបសមរម្យ ដើម្បីបង្កើនឱកាសប្រកួតប្រជែងជាមួយប្រទេសជិតខាង ជាពិសេសដើម្បីឲ្យ​ក្រុមហ៊ុនមានលទ្ធភាពក្នុងការប្រកួតប្រជែងទិញស្រូវជាមួយប្រទេសជិតខាងដូចជាវៀតណាម និងថៃជាដើម ក៏ដូចជាចូលរួមលើកទឹកចិត្តដល់កសិករ ដែលជាអ្នកផលិតផងដែរ។

សូមជម្រាបថា ក្រៅពីរោងចក្រផលិត និងកែច្នៃអង្ករ ក្រុមហ៊ុនគ្រោងវិនិយោគលើរោងចក្រកែច្នៃប្រេងកន្ទក់បន្ថែមទៀត ដើម្បីប្រើឲ្យ​អស់លទ្ធភាពនូវ វត្ថុធាតុដើមដែលមាន ក៏ដូចជាចូលរួមក្នុងការកាត់បន្ថយថ្លៃដើម ក្នុងការផលិត និងបង្កើនលទ្ធភាពក្នុងការប្រកួតប្រជែង។ ក្នុងផងនោះផងដែរ ក្រុមហ៊ុនក៏បានវិនិយោគលើកំពង់ផែ ដែលសព្វថ្ងៃកំពុងដំណើរការចេញចូលទំនិញមួយចំនួនជាបណ្តើរៗថែមទៀតផង៕