បទយកការណ៍ ៖ ព្រឹត្តិការណ៍កីឡាកងទ័ព កំពុងបង្កើនវិសាលភាព ដើម្បីទាក់ទាញពីគ្រប់ស្រទាប់មហាជន និងជួរកងទ័ព

18-08-2018 10:30am

ភ្នំពេញៈ កីឡាកងទ័ព ឬកីឡាយោធា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ បាន និងកំពុងបង្កើននូវភាពខ្លាំង និងទាក់ទាញរបស់ខ្លួនពីក្នុងស្រទាប់មហាជនទូទៅ និងក្នុងស្រទាប់កងទ័ព ដែលនេះជាផ្នែកមួយក្នុងការអភិវឌ្ឍសមត្ថភាព និងពង្រឹងខឿនការពារជាតិរបស់កងទ័ពកម្ពុជា។ បច្ចុប្បន្ន តាមរយៈការលើកកម្ពស់សមត្ថភាពយោធា និងការពង្រឹងខឿនការពារជាតិនេះ ក៏បានធ្វើឲ្យប្រទេសដែលធ្លាប់រងគ្រោះយ៉ាងរេចរឹលដោយសារសង្គ្រាមមួយនេះ ស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកបច្ចុប្បន្ន។

សម្រាប់ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍​កីឡា​កងទ័ព ដែល​រៀបចំ​ឡើង​ដោយ​​កងយោធពលខេមរភូមិន្ទ ដោយមានការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​​នានា នឹង​រៀបចំ​ការ​ប្រកួត​ចំនួន​៣ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃ​ទី១២ ​ដល់​​ទី១៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​កោះពេជ្រ ក្នុង​រាជធានីភ្នំពេញ។

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ព​ជើង​គោក​, នាយកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​នាយទាហាន​ ពលទាហាន សិល្បករ សិល្បការិនី និង​អ្នកពាក់ព័ន្ធ​ជា​ច្រើន​ បាន​ចូលរួម​ក្នុងពិធីរៀបចំក្រុងពាលី​ កាលពីព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។

​ការ​ប្រកួត​កីឡា​នេះ ​នឹង​បែងចែក​ជា​២ប្រភេទ​កីឡា ​គឺ​ទី១.  សម្រាប់​កងកម្លាំង គឺ​ប្រើកម្លាំង​ខ្លាំង ត្រូវ​ការ​ពេលវេលា​យូរ និង​សុខភាព​មាំមួន (តែក៏​បើក​ឲ្យមហាជន​ចូលរួម​ដែរ) ហើយ​ទី២. គឺ​ការ​ប្រកួត​បែប​មហាជន។

ទាំង​២​ប្រកួត​កីឡា​នេះ ត្រូវបាន​​បែងចែក​ជា​៣វិញ្ញាសា ក្នុង​នោះ​វិញ្ញាសា​​ទី១ រត់​កុម្ម៉ង់ដូ​ចម្ងាយ​៤​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​ចម្ងាយ​១,៥​គីឡូម៉ែត្រ ទម្ងន់​៥០​គីឡូក្រាម ​កាត់​ឧបសគ្គសម្រាប់​ប្រភេទ​កីឡា​ទី១។ ចំណែក​វិញ្ញាសា​រត់​កុម្មង់​ដូ​ចម្ងាយ​៣​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​១​គីឡូម៉ែត្រ​ ទម្ងន់​៥០​គីឡូក្រាម ​កាត់​ឧបសគ្គ គឺ​សម្រាប់​អត្ត​ពលិកម​ហា​ជន​ ដែល​ប្រភេទ​កីឡា​ទី២៕