រមណីយដ្ឋានធម្មជាតិកោះតាដា ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ

25-11-2017 9:08am

កំពតៈ រមណីយដ្ឋានធម្មជាតិកោះតាដា ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញបំផុតមួយរបស់ខេត្តកំពត ដោយសារតែរមណីយជ្ឋានមួយនេះ មានទាំងទេសភាពព្រៃភ្នំ ជ្រលងដងអូរ អាងបង្ហៀរទឹក និងទឹកធ្លាក់ដ៏សែនត្រជាក់ ដែលភ្ញៀវទេសចរទាំងចាស់ទាំងក្មេងអាចងូតកម្សាន្តយ៉ាងសប្បាយខ្ញាវខ្ញា អ្នកដែលបានទៅម្តងហើយ ចង់ទៅម្តងទៀត។

ធ្វើដំណើរឆ្លងកាត់តាមរមណីយដ្ឋានទឹកឈូមិនឆ្ងាយប៉ុន្មាន ភ្ញៀវទេសចរ នឹងបានឃើញស្លាកធំមួយដាក់ថា  រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា និងមានសញ្ញាព្រួញបង្ហាញផ្លូវចូលទៅខាងឆ្វេងដៃ។ មុនពេលចូលទៅដល់រមណីយដ្ឋាននេះ ភ្ញៀវទេសចរ នឹងបានគយគន់ទេសភាព ចំការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋជាច្រើនប្រភេទ មានដូចជា ធូរ៉េន ចេក ស្វាយ ទៀបបារាំង ត្របែកជាដើម ហើយត្រូវបានដាក់លក់តាមដដងផ្លូវសម្រាប់ភ្ញៀវទទួលទានផងដែរ។

ពេលចូលតាមផ្លូវលំប្រហែលជិតមួយគីឡូម៉ែត្រ ភ្ញៀវទេសចរ នឹងបានឃើញអាងទឹកមួយ ដែលមានឈ្មោះ កោះតារា ដែលនៅទី​នោះ មានខ្ចុះសម្រាប់អង្គុយលែង និងទទួលទានអាហារផងដែរ កន្លែងនេះមានទឹកជ្រៅ ថ្លាខៀវស្រងាត់ ត្រជាក់ស្រួល និងហ៊ុំព័ទ្ធដោយភ្នំ និងមានខ្យល់បក់រសៀកៗពីកំពូលភ្នំ ហាក់លូងលោមអារម្មណ៍ភ្ញៀវឲ្យបានធូរស្បើយពីភាពហត់នឿយទាំងពួង។

បន្តធ្វើដំណើរឡើងតាមចង្កេះភ្នំ ប្រមាណជាងមួយកីឡូម៉ែត្រ សំឡេងសន្ធឹកទឹកហូរនឹងលាន់ឮរំពង ចុះពីកំពូលភ្នំ។ ពេលទៅដល់ភ្ញៀវ អាចអង្គុយសម្រាក់នៅក្នុងខ្ចុះ នៅអមសងខាង ទំនប់បង្ហៀរទឹកមួយដែលគេហៅថា “ទឹកធ្លាក់តាដារូងច័ន្ទ” កន្លែងនេះហើយដែលភ្ញៀវទេសចរទាំងចាស់ ទាំងក្មេងតូចៗ អាចហែលទឹកលែងបានយ៉ាងសប្បាយ ព្រោះកន្លែងនេះ ត្រូវបានកែច្នៃជាទំនប់បង្ហៀរ  មានទាំងទឹករាក់ និងទឹកជ្រៅ ។ ក្រៅពីនេះ បើភ្ញៀវធ្វើដំណើរថ្មើជើងឡើងតាមកាំជណ្តើទៅកំពូលភ្នំ  នោះនឹងបានទៅដល់កន្លែងទឹកធ្លាក់មួយកន្លែងទៀត  ដែលមានឈ្មោះថា “ទឹកធ្លាក់តាដាសច្ចំ” ។ នៅទីនោះភ្ញៀវអាចងូតទឹក និងថតរូបភាព ផ្តិតយកទេសភាព ទឹកធ្លាក់ និងទេសភាពចំការដំណាំនិងព្រៃឈើពីលើកំពូលភ្នំមក។

សិស្សម្នាក់មកពីទីក្រុងភ្នំពេញ លោក ហេង សុធារិទ្ធ និងមិត្តភ័ក្តិ បានប្រាប់ឲ្យដឹងថា នេះមិនមែនជាលើកទី១របស់លោកទេ ដែលបានមកដល់រមណី៧ដ្ឋានទេសចរណ៍ធ្មជាតិកោះតាដា  ហើយបើទោះជាត្រូវធ្វើដំណើរឆ្ងាញក៏ពិតមែន ប៉ុន្តែពេលមកដល់រមណីយដ្ឋានធ្វើឲ្យលោក មានអារម្មណ៍ថា ស្រស់ស្រាយ  ហើយថា វាស័ក្តិសម និងការចំណាយពេលមកសម្រាកលំហែរខ្លាំងណាស់ចំពោះរូបលោក។ លោកបានបន្តថា ការរៀបចំរមណី៧ដ្ឋាននេះបានស្អាត មានកន្លែងកម្សាន្តច្រើន មានទេសភាពព្រៃភ្នំ អាងទឹក មានទឹកធ្លាក់បែបធម្មជាតិ ហើយពិសេសជាងនេះការគ្រប់គ្រងកាកសំណល់ក៏បានល្អ មានបន្ទប់ទឹក មានធុងសំរាម ដើម្បីការពារបរិស្ថានឲ្យបានស្អាត។

អ្នកលក់ភេសជ្ជះម្ចាក់ ឈ្មោះ កញ្ញា ស៊ីណា បានប្រាប់ឲ្យដឹងថា ភ្ញៀវមកកម្សាន្តនៅរមណីដ្ឋានទេសចរណ៍ធម្មជាតិកោះតាដានេះ ភាគច្រើនជាភ្ញៀវជាតិ មកពីគ្រប់បណ្តាខេត្ត ហើយកញ្ញាថា ពេលថ្ងៃបុណ្យទានធំៗកញ្ញាលក់ដាច់បានច្រើន  ហើយថ្ងៃធម្មតាកញ្ញាអាចលក់ចំណេញបានជាមធ្យម ចំនួនបីម៉ឺនរៀលក្នុងមួយថ្ងៃ។ កញ្ញាក៏បានបញ្ជាក់ដែរថា រមណីយដ្ឋាននេះមានទឹកច្រើនតែនៅក្នុងរដូវវស្សា ចំណែកឯដូវប្រាំងមិនសូវមានទឹកច្រើនទេ ធ្វើឲ្យភ្ញៀវមកកម្សាន្តតែមួយភ្លែតៗប៉ុណ្ណោះ ខុសពីរដូវវស្សាភ្ញៀវមកដល់ហើយ មិនចង់ទៅវិញទេ៕